យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋ
ឈ្មោះ ស.ច.រ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់គេហទំព័រតាខ្មៅថ្មីថា៖ ជារៀងរាល់ឆ្នាំនៅរដូវទឹកស្រក មានសាឡង់បូមខ្សាច់មួយគ្រឿង តែងតែមកបូមខ្សាច់ជារៀងរាល់ឆ្នាំ ដោយគ្មានអាជ្ញាធរណាហ៊ានផ្អាកសកម្មបូមខ្សាច់នេះបានឡើយ សង្ស័យតែមានអាថ៌កំបាំងអ្វីនៅពីក្រោយហេីយមេីលទៅ ? ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា នៅរដូវទឹកឡើងឆ្នាំ២០២៣កន្លងទៅ មានការបាក់ច្រាំង ស្រុតដីតាមសណ្តរស្ទឹងយ៉ាងខ្លាំង ជាពិសេសខាងផ្ទះគាត់តែម្តង។ លុះចូលដល់ដើមឆ្នាំ២០២៤នេះ ក៏មានសាឡង់បូមខ្សាច់មួយគ្រឿងបានមកបូមខ្សាច់ខាងក្រោយផ្ទះគាត់ ហើយគាត់បានប្តឹងទៅអាជ្ញាធរភូមិសង្កាត់ ហើយក៏បាននាំគ្នាទៅបង្អាក់ការដ្ឋានបូមខ្សាច់នោះដែរ ប៉ុន្តែសាឡង់នោះផ្អាក់បូមបានតែ២-៣ថ្ងៃប៉ុណ្ណោះ រួចក៏ធ្វើសកម្មភាបូមបន្តទៀតជារៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ជិតទីតាំងការដ្ឋានបូមខ្សាច់ សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយទប់ស្កាត់ និងបញ្ឈប់សកម្មភាពបូមខ្សាច់ខាងលើនេះផង។ ព្រោះរាល់ពេលរដូវទឹកឡេីង តែងតែមានការបាក់ច្រាំង ស្រុតដីតាមសណ្តរស្ទឹងរាល់ឆ្នាំ បើនៅតែបន្តបូមខ្សាច់ស្ទឹងរបៀបនេះទៀត នឹងធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមសណ្តរស្ទឹងជួបបញ្ហាបាក់ស្រុតផ្ទះសម្បែងទៀតជាក់ជាមិនខាន៕
រក្សាសិទ្ធដោយ: គេហទំព័រ តាខ្មៅថ្មី
អត្ថបទ : តាខ្មៅថ្មី១