អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ !

តាខ្មៅថ្មី
បញ្ចូលដោយ -

 


វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន ត្រូវបានគេរាយការណ៍ថា បានអនុម័តជាបណ្តោះអាសន្ននូវការលក់សព្វាវុធតម្លៃ៦៨០លានដុល្លារដល់អ៊ីស្រាអែល ទោះបីជាខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ។




របាយការណ៍នៃកិច្ចព្រមព្រៀងសព្វាវុធនៅថ្ងៃពុធទី២៧វិច្ឆិកា កើតឡើងមួយថ្ងៃបន្ទាប់ពីលោក បៃឌិន ប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេស្សបូឡាហ៍ ហើយសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងស្រដៀងគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

ក្នុងសុន្ទរកថា លោក បៃឌិន សន្យាថា នឹងស្វែងរកការបញ្ចប់នៃការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោក បៃឌិន បានលើកឡើងថា៖«ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សហរដ្ឋអាម៉េរិកនឹងជំរុញវិធានការមួយផ្សេងទៀតជាមួយប្រទេសតួកគី អេហ្ស៊ីប កាតា អ៊ីស្រាអែល និងប្រទេសដទៃទៀត ដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សាជាមួយនឹងចំណាប់ខ្មាំង ដែលត្រូវបានដោះលែង និងការបញ្ចប់សង្រ្គាមដោយគ្មានក្រុមហាម៉ាសគ្មានអំណាច»។

កញ្ចប់សព្វាវុធបានដំណើរការអស់ជាច្រើនខែ ហើយត្រូវបានពិនិត្យជាមុនដោយគណៈកម្មាធិការសភាក្នុងខែកញ្ញា និងបានដាក់ជូនសម្រាប់ការត្រួតពិនិត្យកាន់តែទូលំទូលាយនៅក្នុងខែតុលា។ នេះបើតាមមន្ត្រីអាម៉េរិក មិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានបញ្ជាក់ដោយកាសែត Financial Times ស្តីពីការអនុម័តបណ្តោះអាសន្នរបស់លោក បៃឌិន។ ទីភ្នាក់ងារព័ត៌មានទាំង២ បានរាយការណ៍ថា ការលក់អាវុធចុងក្រោយបំផុតនឹងរួមបញ្ចូលគ្រាប់បែកតូចៗ និងគ្រាប់បែកវាយប្រហារ JDAMs រាប់ពាន់គ្រាប់។ កញ្ចប់នេះធ្វើឡើងបន្ទាប់ពីការលក់យន្តហោះចម្បាំង និងឧបករណ៍យោធាផ្សេងទៀតក្នុងខែសីហា ដែលមានតម្លៃ២០ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

មកទល់នឹងពេលនេះ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៤៤២៨២នាក់ នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម នៅពេលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់១១៣៩នាក់។ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង៣៨០០នាក់នៅក្នុងប្រទេសលីបង់ក្នុងរយៈពេល១៣ខែកន្លងមកនេះ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!