យើងសាកល្បងសង្កេតមើលឥរិយាបថ និងវិភាគមើលជំហានបន្តបន្ទាប់ទៀតរបស់ថៃ៖

តាខ្មៅថ្មី
បញ្ចូលដោយ -

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai នៅថ្ងៃពុធ ទី១១ ខែមិថុនា ម្សិលមិញនេះបានបញ្ជាក់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចហើយ(ត្រៀមច្បាំង) ក្នុងគ្រាអាសន្ន (បើការប្រជុំJBC ថ្ងៃទី 14 ខែមិថុនាទទួលបរាជ័យ)


បែបនេះ មានន័យថា ថៃនៅតែចិញ្ចឹមចិត្តពង្រីកបន្ថែមគ្រប់វិធានការទាំងអស់ បំណងធ្វើអោយ បង្កើនការរំខានចិត្តជាអតិបរិមាដល់កម្ពុជា ដូចដែលថៃបានបញ្ចេញចង្កូមរួចជាស្រេចមកហើយ ជាអាទិរួមមាន៖

- មានការបិទព្រំដែន និងផ្លាស់ប្តូរម៉ោងបើក និងបិទជាឯកតោភាគី ដោយមិនជូនដំណឹងជាផ្លូវការមកភាគីកម្ពុជាអោយបានដឹងជាមុន(ថៃបំពានលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ចុះថ្ងៃទី ១១ កក្កដា ២០១៥ ដោយមិនអនុវត្តតាមពិធីការដែលប្រតិបត្តិកន្លងមក)

- បន្ថយថ្ងៃចូលទៅថៃមកត្រឹម៧ថ្ងៃ(បំពានលើកិច្ចព្រមព្រៀងដែលមានស្រាប់)

- កាត់ផ្ដាច់អគ្គិសនី និងអ៊ីនធឺណិត(រំលោភលើកិច្ចសន្យា)

- ចោទពលរដ្ឋកម្ពុជាថាបានលួចធ្វើប័ណ្ណសុខាភិបាល ៣០បាត(គ្មានភស្តុតាងរឹងមាំ)

- ចោទថាកងទ័ពកម្ពុជាបានរំលោភលើព្រំដែនថៃចំនួន 651ដង នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពថៃដែលចេញផ្សាយកាលពីថ្ងៃអង្គារនេះ។ ហើយថៃបានផ្ញើរបាយការណ៍នេះទៅដល់សារព័ត៌មានធំៗក្នុងលោកដែលមាននិន្នាការ ឬមានសមានចិត្តជាមួយហ្នឹងថៃ (ត្រង់នេះថៃចេះយកចិត្តយកថ្លើមសារព័ត៌មានល្បីៗក្នុងលោកលឿនជាងយើង)

- ថៃបានកោះអញ្ចើញអនុព័ន្ធយោធាចំនួន42ប្រទេសមកទស្សនាការយំសោកបោកខ្លួន សម្តែងធ្វើដូចជាខ្លួនកំសត់ណាស់អញ្ចឹង(Sic) (ត្រង់នេះថៃដើរលឿនជាងយើង១ជំហាន)



ចាប់ពីម៉ោងនេះតទៅ នឹងមានការបង្កហេតុ កើតជាអរិយភាពជាច្រើនដែលប៉ងធ្វើដោយភាគីថៃ ដើម្បីដុតកម្តៅសភាពការណ៍ មិនអោយកម្ពុជាដេកលក់ស្រួលចិត្តក្នុងរដូវវស្សានេះឡើយ។


ទី១- បក្សប្រឆាំងនៅថៃនឹងព្យាយាមឃោសនា ដុតកម្ដៅមហាជន ក្នុងរូបភាពជាតិនិយមជ្រុល ដាក់សម្ពាធរដ្ឋាភិបាលលោកស្រីផែថងថាន ធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលទល់ច្រក ខ្ទប់ជញ្ជាំង លើដំណោះស្រាយបញ្ហាព្រំដែន ក្នុងការប្រជុំJBCនៅថ្ងៃ14 មិថុនាខាងមុខនេះ។


ទី២- យោធាថៃ(ដែលកំពុងតែមិនស្តាប់រដ្ឋាភិបាលស្រាប់) នឹងចាប់ផ្តើមលេងល្បែងបោកចំបាប់សភាពការណ៍តាមជាយដែន រហូតរាលដាលទៅលើវិស័យផ្សេងៗទៀត(លើសពីរឿងទំនាស់យោធា បំណងធ្វើអោយខ្សោយសេដ្ចកិច្ចកម្ពុជា) ក្នុងកលល្បិច ធ្វើយ៉ាងណាឲ្យកម្ពុជាពិបាកទ្រាំ និងមិនអាចទទួលយកបាននូវទង្វើរបង្ករឿងមិនចេះអស់ មិនចេះហើយពីកងទ័ពថៃ។


ដូចបងប្អូនខ្មែរយើងបានជ្រាបមកហើយថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានព្រមានរួចហើយ ថាបើការប្រជុំJBC នៅថ្ងៃទី 14 មិថុនា បរាជ័យ នឹងចាត់ឱ្យមេកងពលយុទ្ធភូមិភាគទី2 សម្រេចថាបិទព្រំដែនឬអត់?

នេះថ្ងៃប្រជុំJBC មិនទាន់មកដល់ផង កងទ័ពថៃក៏បានបិទព្រំដែនជាឯកតោភាគីមុនប្រាំពីរថ្ងៃ រួចបាត់ទៅហើយ។





ទី៣- យ៉ាងនេះមានន័យថា ក្រោយថ្ងៃ14 មិថុនា បើលទ្ធផលប្រជុំ JBC ពិតជាបរាជ័យមែន នោះកងទ័ពថៃ និងបក្សប្រឆាំងនៅថៃ នឹងបន្តដាក់វេនគ្នា ជាន់កររដ្ឋាភិបាលលោកស្រីផែថងថាន អោយលៀនអណ្តាតទាល់តែថប់ខ្យល់ស្លាប់មិនខានឡើយ។ 


ទី៤- រីឯកងទ័ពថៃនឹងព្យាយាមអូសក្រឡាកម្ពុជា ឱ្យចូលទៅក្នុងអន្ទាក់ដែលគេបានរៀបចំទុកដើម្បីបង្កើតការប៉ះទង្គិចដោយប្រដាប់វុធ ហើយចេញពីការប៉ះទង្គិចនេះ ថៃនឹងបង្កាត់ភ្លើងចេញជាជំលោះទ្រង់ទ្រាយកាន់តែធំ ដោយផ្លុំភ្លើងជាតិនិយមរបស់ថៃ អោយឆេះដល់ដំបូលរដ្ឋាភិបាលថៃ ពេលនោះយោធាក៏បោះសម្ដីប្រមាថរដ្ឋាភិបាលលោកស្រីផែថងថានថា ឥតបានការ បណ្តោយអោយកម្ពុជារំលោភដីថៃបានស្រេចតែចិត្ត ដោយមិនអាចទប់ស្កាត់បានអ្វីទាំងអស់ (តាមពិតរឿងកិច្ចការព្រំដែននេះ រដ្ឋាភិបាលមានអំណាចតិចតួចណាស់ សឹងតែគ្មានហ៊ានក្អកជាមួយយោធាផង ដោយអំណាចរឿងព្រំដែនទាំងអស់ ត្រូវបានយោធាក្តោបក្តាប់ស្ទើរតែស្រុងទៅហើយ)។


ថាមិនត្រូវ អវសាន្តនៃរដ្ឋាភិបាលរបស់លោកស្រីផែថងថាន ក៏អាចឈានមកដល់ក្នុងឆ្នាំ2025នេះ ហើយក៏អាចជាឆ្នាំរដ្ឋប្រហារយោធាលើកទី13 របស់ថៃ កើតឡើងសាជាថ្មីម្តងទៀត៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!